ការស្ម័គ្រចិត្ត នឹងនាំឲ្យអ្នកទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន

ប្រសិនបើយើងក្រលេកមកមើលយុវជនវ័យក្មេងកម្ពុជានាពេលបច្ចុប្បន្ន គឺសង្កេតឃើញថា សន្ទុះនៃការចូលរួមសកម្មភាពស្ម័គ្រចិត្តមានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ ពួកគាត់ងាកមកចាប់អារម្មណ៍នូវការស្ម័គ្រចិត្តផ្សេងៗគឺដោយសារតែ ការងារនេះបានបង្រៀននិងបានធ្វើឲ្យគាត់បានទទួលនូវចំណេះដឹងថ្មីៗដែលពួកគាត់មិនដែលនឹងរំពឹងទុកពីមុនមក។
នៅក្នុងចំណោមយុវជនវ័យក្មេងជាច្រើននាក់ដែលមានឆន្ទៈនៅក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្ត កញ្ញា ម៉ា រោចន វឌ្ឍិនី ក៏ជានិស្សិតវ័យក្មេងមួយរូបដែលមានឆន្ទៈខ្ពស់នៅក្នុងការចូលរួមនៅក្នុងសកម្មភាពស្ម័គ្រផ្សេងៗផងដែរ។ បច្ចុប្បន្ន កញ្ញា ម៉ា រោចន វឌ្ឍិនី ជានិស្សិតឆ្នាំទី ២ ជំនាញ វេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានលើកឡើងនូវគុណសម្បត្តិមួយចំនួនដែលយុវជនវ័យក្មេងគួរតែប្រឡូកនៅក្នុងសកម្មភាពស្ម័គ្រចិត្តផ្សេងៗឲ្យបានច្រើន។ យុវតីសម្បុរស្រអែមរូបនេះ បានលើកឡើងថា ការងារស្ម័គ្រចិត្តបានបង្រៀនគាត់ឲ្យមានភាពក្លាហាន ចេះលត់ដំខ្លួន និង ចេះជំនាញទន់ច្រើនជាងមុន (ពិសេសផ្តោតលើការទំនាក់ទំនង និង ការធ្វើការងារក្រុម) ។

ពេលរំឮកទៅដល់ការផ្តើមធ្វើការងារស្ម័គ្រចិត្ត កញ្ញាញញឹមបណ្តើរនិយាយបណ្តើរ រូចបញ្ជាក់ថា ៖ “ សម្រាប់ខ្លួន ខ្ញុំផ្ទាល់គឺស្រលាញ់ការងារស្ម័គ្រចិត្តតាំងពីដើមមក៍! ជាក់ស្តែងនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏មានផ្តល់ឱកាសឲ្យនិស្សិតអាចចូលរូមនៅក្នុងការងារស្ម័គ្រចិត្តនៅតាមគម្រោង(Project)ផ្សេងៗជាច្រើន។ បន្ទាប់មក ខ្ញុំក៏ចាប់អារម្មណ៍ហើយបានធ្វើការដាក់ពាក្យសុំចូលស្ម័គ្រចិត្តនៅក្នុងគម្រោងមួយ។ គម្រោងដំបូងដែលខ្ញុំបានធ្វើការស្ម័គ្រចិត្តគឺមានឈ្មោះថា Project Sabay ។ នៅក្នុងគម្រោងនេះផងដែរ ខ្ញុំមានតួនាទីធ្វើជាជំនួយការរបស់ដុកទ័រ និង គ្រូពេទ្យ ជនជាតិ សិង្ហបុរី ដែលពេលខ្លះត្រូវជួយពួកគាត់ទៅលើការបកប្រែភាសាខ្មែរជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យសុខភាព។”

ឈប់បន្តិច និស្សិតវ័យក្មេងរូបនេះក៏បានបង្ហើបប្រាប់ពីគុណសម្បត្តិនៃការចូលរួមនៅក្នុងគម្រោងនេះដូចជា ៖

  • អាចសិក្សារៀនសូត្រពីសំណាក់ដុកទ័រ និង គ្រូពេទ្យបរទេស
  • ធ្វើការងារជាក្រុម និង ទទួលបានបទពិសោធន៍ថ្មី
  • ចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដែលយើងមិនដែលស្គាល់
  • មានឱកាសអនុវត្តទៅលើមុខវិជ្ជាដែលខ្លួនកំពុងតែសិក្សា
  • មានឱកាសបានស្វែងយល់អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដែលខ្លួនទៅ
  • បង្កើតមិត្តភាពជាមួយនឹងក្រុមការងារស្ម័គ្រចិត្តដូចគ្នា (ទាំងខ្មែរ ទាំងបរទេស)
  • ចេះធ្វើការងារពេលចុះទៅតាមសហគមន៍ (ដំណើរការនៃការពិនិត្យសុខភាពទាំងស្រុង)
  • ប្រសិនបើយើងជាមនុស្សម្នាក់ដែលអៀន នោះយើងនឹងមានភាពក្លាហានជាងមុន

​ទន្ទឹមនឹងគុណសម្បត្តិនៃការស្ម័គ្រចិត្តដូចដែលបានរៀបរាប់ វឌ្ឍិនី ក៏បានបញ្ជាក់ផងដែរថា ៖ “ ក្នុងនោះក៏មានគុណវិបត្តិមួយចំនួនផងដែរ ដូចជា៖ អាចប៉ះពាល់ម៉ោងសិក្សាតិចតួច នឿយហត់ ជាដើម ប៉ុន្តែបញ្ហាទាំងនេះមិនសូវជាប៉ះពាល់ធ្ងន់ធ្ងរប៉ុន្មានទេ គឺដោយសារតែខ្ញុំអាចគ្រប់គ្រងលើវាបាន ហើយគ្រប់ពេលដែលខ្ញុំបានធ្វើកិច្ចការទាំងអស់នេះ បើទោះបីជាគ្មានទទួលបានប្រាក់កំរ៉ៃអ្វីក៏ដោយក៏ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់ ។”

និស្សិតមានដើមកំណើតនៅទីក្រុងភ្នំពេញរូបនេះ ក៏បានប្រាប់ពីគោលដៅនាពេលអនាគតរបស់ខ្លួនដូច្នេះថា ៖ “ នាថ្ងៃអនាគត ខ្ញុំចង់បើកមណ្ឌលចាស់ជរាមួយកន្លែង ដោយហេតុថា ពេលដល់វ័យចាស់ជរាសុខភាពរបស់លោកតា លោកយាយភាគច្រើន កាន់តែទ្រុឌទ្រោម ដូច្នេះពួកគាត់ត្រូវតែទទួលបាននូវការមើលថែទាំយ៉ាងដិតដល់ ។ ហេតុផលម្យ៉ាងទៀត គឺដោយសារតែមណ្ឌលនេះពុំទាន់មានបង្កើតនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ខ្ញុំសង្ឃឹមថា ការរំពឹងទុកនេះគឺអាចសម្រេចបាននាពេលអនាគត។”

ក្នុងនាមជាយុវជនម្នាក់ កញ្ញា សូមលើកទឹកចិត្តទៅដល់យុវជនផ្សេងៗទៀតដែល ពុំទាន់បានប្រឡូកនៅក្នុងការស្ម័គ្រចិត្តសូមឲ្យចាប់ផ្តើមធ្វើការស្ម័គ្រចិត្តបណ្តើរៗ ដើម្បីការផ្លាស់ប្តូរជាវិជ្ជាមាននាពេលបច្ចុប្បន្ននិងពេលអនាគត។