Graduation Day in 2016

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និសិ្សតជ័យលាភីចំនួន១.៦៩៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ និងសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និង ចូលរួមក្នុងកិច្ចការសង្គម។ សម្តេចអគ្គមហាសេនាបតីតេជោ ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីពូកែ ប្រចាំជំនាន់នីមួយៗ ចំនួន ៣៦នាក់ផងដែរ ។ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោបានអញ្ជើញនិវត្តន៌ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានទទួលកិត្តិយសពី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតី ក្នុងការប្រគល់សញ្ញាបត្របន្ត ដល់និស្សិតពូកែ ប្រចាំសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បន្ថែមចំនួន ៥១នាក់ ហើយ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល និង លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានប្រគល់សញ្ញាបត្រជានិមិត្តរូបជូនដល់និស្សិតជ័យលាភីដទៃទៀតគ្រប់ៗគ្នា ។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យធ្វើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅឆ្នាំ២០១១ ដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយក្នុងប្រទេស។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រកាន់ខ្ជាប់នូវគុណតម្លៃបីរបស់ខ្លួន ក្នុងការអប់រំនិស្សិត និង ការដឹកនាំសាកលវិទ្យាល័យគឺ គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម៕

កម្រងរូបភាព