កិច្ចសម្ភាសន៍ ជាមួយនិស្សិតជំនាញគិលានុបដ្ឋាកនៃ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ​​

និស្សិតជំនាញ គិលានុបដ្ឋាកចំនួន ពីររូបបានមកធ្វើការចែករំលែកបទពិសោធន៍ និង ចំណាប់អារម្មណ៍ របស់ពួកគាត់នៅក្នុងការសិក្សាជំនាញ គិលានុបដ្ឋាកយិកា នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។

និស្សិត តេង រស្មី បច្ចុប្បន្នជានិស្សិតឆ្នាំទី ៤ ជំនាញ គិលានុបដ្ឋាក នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបរាប់អំពីដំណើរដើមទង ក្នុងការសិក្សារបស់គាត់ដូច្នេះ ថាបានជាគាត់ជ្រើសរើសសិក្សាជំនាញនេះ គឺ មកពីគាត់មានចំណង់ចំណូលចិត្តតាំងពីក្មេងមក ចង់ផ្តល់ការថែទាំទៅដល់អ្នកជំងឺ និង ក្រុមគ្រួសារ និង ចង់ចាប់អាជីព ជាគិលានុបដ្ឋាក ទៅថ្ងៃអនាគត។

ក្រោយពីរៀបចំគោលដៅច្បាស់លាស់ រស្មី ក៏បានសម្រេចចិត្តបន្តការសិក្សាថ្នាក់មហាវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ដោយចាប់ជំនាញ គិលានុបដ្ឋាក នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ។ នៅក្នុងការសិក្សាជំនាញនេះទៀតសោត យុវនិស្សិត រូបនេះក៏បានសង្កត់ធ្ងន់ថា ៖ “​ឆ្លងកាត់ការសិក្សាអស់រយៈពេលប៉ុន្មានឆ្នាំនៅទីនេះ បានធ្វើឲ្យខ្ញុំដឹងថា គិលានុបដ្ឋាក គឺជាបុគ្គលម្នាក់ដែលដើរតួសំខាន់នៅក្នុងការមើលថែទាំអ្នកជំងឺ ដូច្នេះគាត់ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និង ម៉ត់ចត់ជាទីបំផុត។ និស្សិតដែលមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ ក៏បានបញ្ជាក់ផងដែរថា ការព្យាលអ្នកជំងឺគឺត្រូវតែ ផ្តោតសំខាន់ទៅលើ ៖ ផ្លូវកាយ ផ្លូវចិត្ត និង ផ្លូវសាសនា​ ដែលក្នុងកត្តាទាំងបីនេះពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជម្រុញឲ្យស្ថានភាពរបស់អ្នកជំងឺមានភាពប្រសើរឡើងវិញ។ ឈប់បន្តិច គាត់ក៏បានបន្តទៀតថា ៖ “ ចំពោះផ្លូវកាយ គឺមើលថែទៅតាមក្បួនខ្នាតរបស់គិលានុបដ្ឋាក រីឯការយកចិត្តទុកដាក់លើផ្លូវចិត្តវិញអ្នកជំងឺវិញគឺពិតជាមានសារៈសំខាន់ណាស់ គឺត្រូវចេះជួយលើកទឹកចិត្ត ដើម្បីឲ្យកាន់មានអារម្មណ៍ កក់ក្តៅ កាត់បន្ថយភាពភ័យខ្លាច និង ធ្វើឲ្យគាត់លែងសូវបារម្ភអំពីបញ្ហាជំងឺរបស់គាត់ ។” ស្រដៀងគ្នានេះផងដែរ រស្មី ក៏បានបង្ហើបប្រាប់បន្តទៀតថា ៖ ក្រៅពីយកចិត្តទុកដាក់ទៅលើ ទឹកចិត្តរ​បស់អ្នកជំងឺ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺត្រូវតែ បញ្ច្រាបពួកគាត់ទាក់ទងទៅនឹងបញ្ហា សាសនាបន្ថែមទៀតដើម្បីឲ្យពួកគាត់ស្ងប់ចិត្ត។ ជាទូទៅ ក្នុងនាមយើងជាគ្រូពេទ្យថែទាំម្នាក់ក៏ត្រូវចេះសង្កេតមើលថាតើពួកគាត់កាន់សាសនា ព្រះពុទ្ធ ឬ ក៏សាសនា ដើម្បីងាយស្រួលនិយាយទៅកាន់ពួកគាត់។

ញញឹមបណ្តើរនិយាយបណ្តើរ រស្មី បានបន្ថែមទៀតថា “ ខ្ញុំពិតជាសប្បាយចិត្តនឹងកិច្ចការជាអ្នកមើលថែទាំអ្នកជំងឺមែនទែន ព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្ញុំស្រាប់។ នៅពេលដែលខ្ញុំឃើញស្នាមញញឹមរបស់គាត់ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តមែនទែន។” រស្មីក៏បានបន្ថែមថា ជាទូទៅគិលានុបដ្ឋាកពុំមានសិទ្ធិនៅក្នុងការព្យាបាលអ្នកជំងឺដូចវេជ្ជបណ្ឌិតនោះទេ ក៏ប៉ុន្តែនៅក្នុងករណីមួយចំនួន គឺគិលានុបដ្ឋាកក៏មានតួនាទីនៅក្នុងការជួយសង្គ្រោះបឋមនៅក្នុងករណីវេជ្ជបណ្ឌិតមិននៅក្បែរ។ តាំងពីចូលសិក្សានៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មកអ្វីដែល រស្មីចាប់អារម្មណ៍ជាងគេគឺ បរិយាកាសសិក្សានៅទីនេះ ពោលគឺមានបន្ទប់សិក្សាធំទូលាយបំពាក់ម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព បណ្ណាល័យសម្បូរឯកសារសម្រាប់ស្រាវជ្រាវ។

លើសពីនេះទៅទៀត សាកលវិទ្យាល័យក៏ផ្តល់ឱកាសអោយនិស្សិតមានឱកាសចុះអនុវត្តផ្ទាល់តាមរយៈការចុះកម្មសិក្សាផ្ទាល់តែម្តង។

ទៅថ្ងៃអនាគត រស្មីចង់ក្លាយទៅជា គ្រូពេទ្យជំនាញគិលានុបដ្ឋាកមួយរូបដ៏ចំណានម្នាក់ ដែលមានលទ្ធភាពមើលថែទាំអ្នកជំងឺប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត។

ទាក់ទងទៅនឹងបញ្ហានេះផងដែរ កញ្ញា សាន ចរិយា បច្ចុប្បន្នក៏ជានិស្សិតឆ្នាំទី ៤ ជំនាញ គិលានុបដ្ឋាក នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានបញ្ជាក់ស្រដៀងគ្នាទៅនឹងនិស្សិត រស្មី ខាងលើនេះផងដែរថា កញ្ញាស្រលាញ់ជំនាញនេះតាំងតែពីក្មេងៗមក គាត់ចូលចិត្តមើលថែទាំអ្នកជំងឺ និង ចង់ចាប់ជំនាញនេះជាមុខរបរទៅថ្ងៃអនាគត។ នៅក្នុងជំនាញនេះផងដែរ កញ្ញា ចរិយា ក៏បានបញ្ជាក់ផងដែរថា ៖ “ នៅក្នុងនាមជា គិលានុដ្ឋាកយិកាម្នាក់ គឺត្រូវតែមើលថែទាំអ្នកជំងឺបែប Nursing Processទាំងប្រាំ ដែលផ្តល់ការថែទាំបែបស្តង់ដារទៅដល់អ្នកជំងឺ។ បន្ថែមពីការថែទាំតាមក្បួនខ្នាត គឺត្រូវបន្ថែមនូវភាពយកចិត្តទុកដាក់ និង ផ្តល់នូវការលើកទឹកចិត្តផងដែរ។ សម្រាប់ខ្ញុំស្នាមញញឹមរបស់អ្នកជំងឺពិតជាមានសារៈសំខាន់ណាស់ ពេលឃើញស្ថានភាពជំងឺរបស់ពួកគាត់បានធូរស្បើយ ហើយពួកគាត់អាចញញឹមបាន ពិតជាធ្វើឲ្យខ្ញុំរំភើបណាស់! ស្នាមញញឺមរបស់ពួកគាត់បានជម្រុញចិត្តរបស់ខ្ញុំឲ្យកាន់តែស្រលាញ់ជំនាញនេះ និង ធ្វើឲ្យខ្ញុំប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបន្តទៀត ” ។

យុវតីសម្បុរ ស រូបនេះ ក៏បានបញ្ជាក់ផងដែរថា ការលើកទឹកចិត្តអ្នកជំងឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការជួយឲ្យសុខភាពរបស់គាត់បានប្រសើរឡើងវិញ ព្រោះវាជាចលករមួយដែលជួយធ្វើឲ្យអ្នកជំងឺគិតថា ស្ថានភាពជំងឺរបស់គាត់នឹងអាចជាសះស្បើយនៅក្នុងភាគរយខ្ពស់ ហើយមិនយូរមិនឆាប់គាត់នឹងវិលទៅមានសុខភាពល្អដូចដើមវិញ។ កត្តាសំខាន់យើងក៏ត្រូវពិនិត្យមើលទៅលើអាការៈ និង តាមដានស្ថានភាពអ្នកជម្ងឺក្នុងករណីប្រែប្រួលនឹងបានបញ្ចូនដំណឹងទៅកាន់វេជ្ជបណ្ឌិតទាន់ពេលវេលា។

ក្រៅអំពីការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យនីមួយៗ ដែលជាដៃគូនានារបស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ កញ្ញា ចរិយា ក៏បានចូលរួមស្ម័គ្រនៅក្នុងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដើម្បីចុះទៅព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហានៅតាមសហគមន៍គោលដៅនានា។ តាមរយៈការងារស្ម័គ្រចិត្តទាំងនេះកញ្ញា បានទទួលនូវបទពិសោធន៍ជាច្រើនដូចជា៖

  • មានឱកាសចុះអនុវត្តផ្ទាល់
  • ចេះធ្វើការងារជាក្រុម
  • អាចចូលរួមចំណែកជួយកិច្ចការងារសង្គម
  • អាចធ្វើការស្វែងយល់ និង ស្ទាបស្ទង់បន្ថែមទៀតអំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍

ស្ថិតនៅក្នុងទឹកមុខ សញ្ជឹងគិតបណ្តើរ យុវតី ចរិយា បានបង្ហើប្រាប់អំពីគោលដៅនាថ្ងៃអនាគតរបស់កញ្ញាថា គាត់ចង់ក្លាយជាគិលានុបដ្ឋាយិកាដ៏ពូកែម្នាក់ដែលអាចផ្តល់ជូននូវសេវាថែទាំសុខភាពទៅដល់អ្នកជំងឺប្រកបស្តង់ដាវិជ្ជាជីវៈ។